(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ គឺក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត» នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះ សម្តេចធិបតីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ក៏ត្រូវបានកំណត់យ៉ាងច្បាស់ថាជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ដែលអំណោយផលដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈការកែសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ការធ្វើឌីជីថលភាវូបនីយកម្មនៃការផ្ដល់សេវាសាធារណៈនិងកិច្ចការរដ្ឋបាល ការពង្រឹងសមត្ថភាពស្ថាប័ន និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សមិទ្ធផលនេះជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងដើម្បីកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាម កាតព្វកិច្ច និងនីតិវិធីសារពើរពន្ធ។
យ៉ាងណាមិញ ប្រព័ន្ធបញ្ជរតែមួយជាតិរបស់កម្ពុជាដែលមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ទិន្នន័យជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានាពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញ ដែលកន្លងមកពាណិជ្ជករត្រូវរត់ការណ៍ឆ្លងកាត់ក្រសួង ស្ថាប័នមានសមត្ថកិច្ចផ្សេងៗជាច្រើនលើក មកជាការស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក។
សម្ដេចធិបតីបញ្ជាក់ទៀតថា ប្រព័ន្ធនេះរួមជាមួយប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ នឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដោយផ្លាស់ប្ដូររបៀបរបបការងារពីការពឹងផ្អែកលើក្រដាសទៅជាការមិនប្រើក្រដាស ក្នុងន័យនេះប្រព័ន្ធបញ្ជរតែមួយជាតិនឹងក្លាយជាតួអង្គដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធផលតភ្ជាប់ទៅនឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងក្នុងសកលលោក៕