(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក ដោយដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងនោះទេ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់-ទទួលសត្វដំរីញីឈ្មោលរបស់ឡាវជូនដល់កម្ពុជាមួយគូ នៅឧទ្យានសួនសត្វព្រៃការពារ «ភ្នំតាម៉ៅ» ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក ឌិត ទីណា បានថ្លែងថា បច្ចុប្បន្ន សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី ៤០០-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។
លោកបន្តថា កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០-២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។
លោក Linkham DOUANGSAVANH បានបន្ថែមថា អំណោយដំរីមួយគូដ៏ថ្លៃថ្លានេះ នឹងចូលរួមរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពជាប្រពៃណី និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងស្ថិតស្ថេររវាងប្រទេសទាំងពីរ ជាពិសេសក្នុងការថែរក្សាប្រភេទសត្វដំរីដែលកំពុងរងគ្រោះ និងចូលរួមចំណែកដល់ការអប់រំផ្សព្វផ្សាយអំពី បរិស្ថានដល់សាធារណជននៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្រ្ត ទេសចរណ៍ និងការអភិរក្សសត្វដំរីនៅក្រៅតំបន់ផងដែរ។
លើសពីនេះទៀត ក្នុងរយៈពេល១០-១២ឆ្នាំទៀត ការបន្តពូជរបស់សត្វដំរីមួយគូនេះនឹងជួយបង្កើនចំនួនសត្វដំរីនៅក្នុងឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការថែរក្សា និងវិបុលភាពសត្វដំរីស្រុក។
ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ដំរីស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្ចីៗ ទំពាំង ឫស្សី ផ្តៅនិង វល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ ដំរីផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសម្បូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូន ក្នុងខែកក្កដា-សីហា កូនម្តងបាន១ក្បាលឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះ រយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបន្តពូជបាននៅអាយុ ១៥-១៦ ឆ្នាំ ហើយអាចមានកូនរហូតដល់អាយុ ៥០-៧០ឆ្នាំ និងអាចបង្កើតកូនបាន ៤ ឬ ៥ដង។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមាន សារធាតុរាវម្យ៉ាងហូរចេញពីរន្ឋមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកា-ធ្នូ៕