ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សម្រាប់ស្រុកតាំងគោក

ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំបើកកិច្ចប្រជុំត្រួតពិនិត្យការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ស្រុកតាំងគោក ខេត្តកំពង់ធំ។

ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក, ឯកឧត្តម ហ៉ីង ថូរ៉ាក់ស៉ី អនុប្រធានទី៣ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក រួមទាំងមានអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោកសរុបជិត ១០០នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោក បានអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក និងការងារដែលកំពុងអនុវត្តបន្ត ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកតាំងគោករួច ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឱ្យក្រុមការងារ និងគណបក្សស្រុក-ឃុំ ត្រៀមលក្ខណៈក្នុងការដឹកជញ្ជូនសមាជិកបក្ស ទៅចូលរួមពិធីបើកយុទ្ធនាការនៅព្រឹកថ្ងៃទី១៧ ខែឧសភា នៅខេត្តកំពង់ធំ និងរៀបចំផែនការដង្ហែរក្បួន នៅស្រុកតាំងគោក។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជម្រុញឱ្យក្រុមការងារ និងគណបក្សស្រុក-ឃុំ អនុវត្តតាមប្រតិទិនឃោសនាបោះឆ្នោតឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២៤ ក្នុងនោះយកចិត្តទុកដាក់រៀបចំកម្មវិធីរបស់បេក្ខជនក្រុមប្រឹក្សាខេត្ត និងបេក្ខជនក្រុមប្រឹក្សាស្រុកតាំងគោក ចុះជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត និងធ្វើការបោះឆ្នោតសាកល្បង នៅតាមបណ្តាឃុំទាំង០៨។

បន្ថែមពីនេះឯកឧត្តមបណ្ឌិត ថោង ខុន ក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៦ ខែឧសភា ឱ្យជោគជ័យដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.