ប្រភពពីសមត្ថកិច្ចនានាបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ក្នុងកាស៊ីណូមួយកន្លែងស្ថិត នៅច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងដំណើរ ការដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូល លេងដោយសេរី។ នៅក្នុងកាស៊ីណូ មានល្បែងសុីសងគ្រប់ប្រភេទ ដូចជាជល់មាន់,បៀរ,អាប៉ោងនិងយូគីដែល គេអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូលលេងយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន មិនខ្វល់ចំពោះបញ្ហានេះទេ គឺចាំទៅយកលុយពីជនជាតិវៀតណាមឆ្លងដែនតែប៉ុណ្ណោះ។
ប្រភពពលរដ្ឋខ្សិបថា មកទាល់ពេលនេះមិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ,ស្រុកព្រះស្តេច ឬខេត្ត ព្រៃវែង ពិសេស លោកឆោម ប៊ុនឆនស្នងការនគរបាលខេត្តចុះមកត្រួតពិនិត្យនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចស្រុកព្រះស្តេច និងខេត្តព្រៃវែងហាក់ដូច ជា ធ្វើមិនដឹងមិនឮចំពោះបញ្ហានេះ។ ជាងនេះទៅទៀតប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ច ហាក់ដូចជាធ្វើមិនដឹងមិនឮ ជាមួយនឹងការទទួលបានផលប្រយោជន៍ឬលាបសក្ការៈ ណាមួយពីម្ចាស់កាស៊ីណូមួយកន្លែងនេះ។ យ៉ាងដូច្នេះហើយបានជាកាស៊ីណូ១កន្លែងនេះដំណើរការ រយៈពេលជាយូរមក ហើយដោយគ្មានសមត្ថកិច្ចណា ត្រួតពិនិត្យឡើយ។
គួររំលឹកផងថា ស.ជ.ណ ចេញដោយទីស្តីការគណៈរដ្ឋ មន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ ហើយរាល់ល្បែងសុីសង គឺហាមដាច់ ខាត គ្មានទីតាំងល្បែងសុីសងភ្នាល់ ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវជាពលរដ្ឋខ្មែរ មិនត្រូវបានអនុញ្ញាតចូលលេងល្បែងសុីសង នៅក្នុងកាសុីណូនោះឡើយ។ ប៉ុន្តែជាក់ស្ដែងកាស៊ីណូខាងលើនេះមមានតែជនជាតិខ្មែរនិងវៀតណាម ប៉ុណ្ណោះដែលចូលលេងគគ្រឹកគគ្រេងរាល់ថ្ងៃ។ គេថាបើគ្មានខ្មែរនិងវៀតណាមទៅលេងពេលនោះកាស៊ីណូ៧៧៧ រលំជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចក៏ទំនងជាគ្មានបានអ្វីសើមមាត់ សើមកទៀតដែរ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោកសួន សុម៉ាលីនអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាពិសេស លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងកំពុងបណ្ដែតបណ្តោយឲ្យម្ចាស់ទីតាំងកាសុីណូ៧៧៧ មួយកន្លែងនេះបើកល្បែងសុីសងជល់មាន់,បៀរ,អាប៉ោងនិងយូគី ដោយអនុញ្ញាត ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងពពាក់ពពូន និងអនាធិបតេយ្យផ្ទុយពីគោលការណ៍ដែលមានចែងក្នុងច្បាប់អនុញ្ញាតឲ្យកាសុីណូ។ ក្រៅពីពលរដ្ឋខ្មែរម្ចាស់ស្រុកគេសង្កេតឃើញ វៀតណាមទាំងហ្វូងៗ ចូលលេងល្បែងស៊ីសងក្នុងការស៊ីណូនេះដោយសេរីផងដែរ។ ក្រុមជនជាតិវៀតណាមទាំង នេះសុទ្ធតែចំណាយលុយឲ្យនគរបាលព្រំដែន ទើបអាចចូលលេងល្បែងស៊ីសងបាន។
ប្រភពដដែលឲ្យដឹងថា សម្រាប់ការជល់មាន់១គូៗភ្នាល់ដាក់លុយចាប់ពី៥០០ ទៅដល់៣០០០ដុល្លារឯណោះឬច្រើនជាងនេះទៅទៀត។ សូមបញ្ជាក់ថា ល្បែងសុីសងជល់មាន់, បៀរ, អាប៉ោង, យូគី… បើកលេងទ្រង់ទ្រាយធំតែម្តង។ ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខដែលកើតមាននៅក្នុងមូលដ្ឋាន ដោយសារកាស៊ីណូខាងលើនេះ។ គេរំពឹងថា ក្រសួងមហាផ្ទៃនឹងពិនិត្យមើលចំពោះបញ្ហានេះ ពីព្រោះទាំងអាជ្ញាធរខេត្តលោក សួន សុម៉ាលីន ក៏ដូចជាស្នងការនគរបាលខេត្ត លោក ឆោម ប៊ុនឆន ហាក់ដូចជាត្រជាក់ល្ហឹម៕