ព័ត៌មានជាតិ

រដ្ឋបាលក្រុងអរិយក្សត្រ ប្រារព្ធពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីសួស្ដីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!!

កណ្តាល ៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និង លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ បានប្រារព្ធពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ដេីម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នាពេលខាងមុខ ដែលពិធីនេះបានធ្វើឡើងនៅបរិវេនសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា: នៅមុនពេលពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន សិរីមង្គលដើម្បីទទួលទេវតាឆ្នាំថ្មី លោកអភិបាលក្រុង ចាន់ តារា បានជួបសំណេះសំណាល និងបានសម្តែងការគួរសមជាមួយ ចាស់ព្រឹទ្ធាចារ្យ លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃក្រុងអរិយក្សត្រជាមួយនឹងក្តីគោរពស្រឡាញ់បំផុត។

បន្ទាប់ពីពិធីសូត្រមន្តសុំសេចក្តីសុខចម្រើននិងសិរីមង្គលនេះរួចរាល់​ លោក ចាន់ តារា បានឧបត្ថម្ភជូន លោកតា លោក យាយ និងមន្ត្រីរាជការម្នាក់ៗនូវបច្ច័យ៥មុឺនរៀល និងមានការសម្តែងនូវរបាំត្រុដិដើម្បីកម្ចាត់នូវឧបទ្រពចង្រៃក្នុងឆ្នាំ​ចាស់ផ្លាស់មកទទួលនូវសិរីមង្គលនាឆ្នាំថ្មី  ពិសេសទៅទៀតនោះលោកបានរៀបចំពិធីជប់លៀងមហាសាមគ្គីជាមួយនំបញ្ចុកសម្លរខ្មែរយ៉ាងសប្បាយរីករាយក្រៃលែង។

សូមបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្នុងក្រុងអរិយក្សត្រនៃខេត្តកណ្តាល ចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នាដោយសិរីសួស្តី សិរីមង្គល និងសុខសន្តិភាព៕

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published.