ព័ត៌មានជាតិ

 ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ

នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មក​លេង​ស្រុក​កំណើត​អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃសេ​វាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។

ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរ​ទៅវិ​ញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅ​ប្រទេសថៃ​ដែល​វិល​ត្រឡប់​មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូត​ដល់​ថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៤។

លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការ​នៅ​ប្រទេសថៃម្នា​ក់​លើក​ឡើងថា «អរគុណ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូល​ដល់​ពលក​រ​ខ្មែរ​ដែល​ធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។

ពលកររូបនេះអរគុណរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មកលេងស្រុកកំណើត ហើយបានផ្តល់អាហារសម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។

លោក ភា រុន ជាពលករខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃម្នាក់​ទៀត​ក៏​បាន​លើកឡើង​ដែរ​ថា «ខ្ញុំ​មក​លេង​ស្រុក​កំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំ​ចំណាយ​តែ​ទៅ​លើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយ​ចិត្ត​ព្រោះ​កាត់​បន្ថយ​ចំនាយ​បានខ្លះដែរ»។

គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋខ្មែរ​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុង​នោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥នាក់។ ទន្ទឹម​នឹងនេះភាគី​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការសម្រួលដំណើររបស់ពលរដ្ឋខ្មែរ ក្នុងនោះក៏មានមន្រ្តីរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈប្រចាំការនៅទីនោះផងដែរ។

គូសបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៤បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ​បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-ចូល​ប្រទេសថៃ (Re-Entry) ដើម្បីកាត់បន្ថយការចំណាយពលករខ្មែរ ដែលនឹងធ្វើ​ដំណើរ​ត្រលប់​មក​កម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ៕

Leave a Reply

Your email address will not be published.